មុន​បង្កើត​​អាជីវកម្ម​ ​អ្នក​ត្រូវ​​​​​​​​​​​​មាន​អ្វី​ខ្លះ?

, , No Comments
ការ​បង្កើត​អាជីវកម្ម​មួយ​​តម្រូវ​ឲ្យ​មាន​ការ​រិះគិត​ពិចារណា​ឲ្យ​បាន​ ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ​មុន​នឹង​សម្រេច​បោះ​ទុន​ ហើយ​ហក់​ប្រឡូក​​ខ្លួន​ចូល​ឲ្យ​ពេញ​ទំហឹង។ ​​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​ក្នុង​ការ​បង្កើត​អាជីវកម្ម ​ការ​ធ្វើ​គម្រោង​អាជីវកម្ម​ ជា​ចំណុច​ ដ៏​សំខាន់​មួយ​ប្រៀប​បាន​នឹង​ត្រីវិស័យ​នាំ​ផ្លូវ។ ​ហេតុ​ដូចនេះ​ទើប ​Sabay ​លើក​យក​សេចក្ដី​ណែនាំ​ខ្លីៗ​បី​ចំណុច​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គម្រោង​ អាជីវកម្ម​​មក​បង្ហាញ​ដល់​មិត្ត​អ្នក​អាន។
​​​ផ្នែក​សំខាន់​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​បី​នៃ​គម្រោង​អាជីវកម្ម​គឺ ​គំនិត​អាជីវកម្ម។ ​​អ្វី​ជា​គំនិត​អាជីវកម្ម? ​​គំនិត​អាជីវកម្ម​និយាយ​ដោយ​សង្ខេប​គឺ ​ការ​ពិភាក្សា​លើ​មុខ​ជំនួញ ​ឬ​សេវាកម្ម​ដែល​អ្នក​ចង់​បង្កើត​​ថា​ ចង់​បង្កើត​ក្នុង​រចនាសម្ព័ន្ធ​បែប​ណា ​​និង​ចង់​ឲ្យ​ជោគជ័យ​ដោយ​វិធី​ណា។

ចំណុច​ទី​ពីរ​គឺ ​​ផ្នែក​ទីផ្សារ។ ​នៅ​ផ្នែក​នេះ​ អ្នក​ត្រូវ​​រៀបរាប់​ និង​វិភាគ​លើ​ទៅ​អតិថិជន​គោលដៅ​នៃ​អាជីវកម្ម​ ឬ​សេវាកម្ម​ដែល​អ្នក​ចង់​បើក។ ​តើ​អ្នក​ទាំង​នោះ​មក​ពី​ណា? ​ត្រូវ​ការ​អ្វី? ​ហើយ​ធ្វើ​យ៉ាង​ណា​ ទើប​ពួកគេ​ចាប់​អារម្មណ៍​លើផលិតផល​របស់​អ្នក? ​​​ក្នុង​ផ្នែក​នេះ ​អ្នក​ត្រូវ​គិត​ពី​​ការ​ប្រកួតប្រជែង​ដែរ​ដូចជា ​ផ្នែក​តម្លៃ ​​គុណភាព ​និង​សេវាកម្ម ​ហើយ​​​ត្រូវ​រក​ដំណោះស្រាយ​​​ទៅ​លើ​ការ​​ប្រកួតប្រជែង​​ដែល​អ្នក​គិត​ឃើញ​ ឲ្យ​បាន​ដោយ​សមស្រប។
ចំណុច​ក្រោយ​គេ​នៃ​គម្រោង​អាជីវកម្ម​គឺ ​​ផ្នែក​ហិរញ្ញវត្ថុ។ ​ តើ​ប្រភព​ថវិកា​​​សម្រាប់​បង្កើត​មុខ​ជំនួញ​​ថ្មី​របស់​អ្នក​មក​ពី​ណា? ​ប្រភព​ទាំង​នោះ​​ អាច​​មក​ពី​ការ​សន្សំ​ប្រាក់ខែ​របស់​អ្នក​ផ្ទាល់​ ​ពី​​មិត្តភ័ក្ដិ​ ​សមាជិក​​គ្រួសារ ​​ពី​ដៃគូ​វិនិយោគ ​កម្ចី​ហិរញ្ញប្បទាន ​ឬ​កម្មវិធី​ឧបត្ថម្ភ​​ផ្សេងៗ​ជាដើម។ ​ទន្ទឹម​គ្នា​នេះ ​ត្រូវ​គិត​ដល់​គម្រោង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពេល​ដំណើរការ​អាជីវកម្ម​ផង​ ដែរ។​​
បើ​​ចង់​ឲ្យ​គម្រោង​អាជីវកម្ម​របស់​អ្នក​កាន់​តែ​លម្អិត​ថែម​ទៀត ​អ្នក​​អាច​បំណែក​ចំណុច​ទាំង​បី​ខាង​លើ​មក​ជា​ ៧ ​ចំណុច​ដូច​ខាងក្រោម៖

១. សេចក្ដី​សង្ខេប​ពី​ការ​ប្រតិបត្តិ
២. ពណ៌នា​​ពី​អាជីវកម្ម
៣. ​យុទ្ធសាស្ត្រ​ទីផ្សារ
៤. ​ការ​វិភាគ​លើ​ការ​ប្រកួតប្រជែង
៥. ​គម្រោង​​​រចនា​ទីតាំង​អាជីវកម្ម ​និង​​ការ​អភិវឌ្ឍ
៦. គម្រោង​ដំណើរការ ​និង​គ្រប់គ្រង​
៧. ​កត្តា​ហិរញ្ញវត្ថុ

0 comments:

Post a Comment