អាជីវកម្ម​សៀវភៅ​កំពុង​ប្រឹង​ងើប​ពី​គំនាប​ទីផ្សារ​ដ៏​តូច​ចង្អៀត​!​

, , No Comments
នៅ​ក្នុង​​សង្គម​​មួយ​​ដែល​​មនុស្ស​​មិន​សូវ​​ចាប់​អារម្មណ៍​​អាន​​សៀវភៅ ​ការ​​សរសេរ​​សៀវភៅ​​ជា​​មុខ​​របរ​​​ដែល​​​ពិបាក​​រក​​ចំណូល​។ ​មុខរបរ​​នេះ​​​ទាម​ទារ​​​ឆន្ទៈ ​​និង​​​ការ​​ស្រឡាញ់​​​ចូល​​ចិត្ត​​​ជាង​​​ការ​​រក​​​ប្រាក់​​ចំណេញ​​។ ​ទោះ​ជា​​យ៉ាង​នេះ​​ក្តី ​
និន្នាការ​​សរសេរ​​សៀវភៅ​​ហាក់​ដូចជា​​កំពុង​​រីក​ដុះ​ដាល​​គួរ​​ឲ្យ​​កត់​សម្គាល់​។ ​មាន​​សៀវភៅ​​ជា​​ភាសា​​ខ្មែរ​​ជា​ច្រើន​​ត្រូវ​បាន​​ដាក់​តាំង​​លក់​​នៅ​តាម​​តូប​​លក់​​កាសែត​​ ឬ ​បណ្ណាគារ​។ ​សៀវភៅ​​ខ្លះ​​ត្រូវ​បាន​​ប​កប្រែ​​ពី​​ភាសា​បរទេស ​និង​​សៀវភៅ​​ខ្លះ​ទៀត​​ជា​​ស្នាដៃ​​សរសេរ​​របស់​​ជន​ជាតិ​​ខ្មែរ​​ដោយ​ផ្ទាល់​។ ​ប៉ុន្តែ ក្រុម​អ្នក​សរសេរ​ និង​​អ្នក​​បោះពុម្ព​​សៀវភៅ​​កំពុង​​ស្ថិត​ក្នុង​​គំនាប​​នៃ​​ទីផ្សារ​​ដ៏​​តូច​ចង្អៀត​​ដោយសារ​​ខ្វះ​​អ្នក​អាន​។​

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សៀវភៅ​ជា​ភាសាខ្មែរ​ត្រូវបាន​ដាក់តាំង​លក់​ព្រោងព្រាត​គួរ​ឲ្យ​កត់សម្គាល់។ សៀវភៅ​ប្រវត្តិសាស្ត្រ ច្បាប់ ចំណេះដឹង​ទូទៅ ប្រលោមលោក រហូតដល់​រឿង​និទាន​​សម្រាប់​កុមារ និង​វិជ្ជា​ធ្វើ​ម្ហូប​ជាដើម កំពុង​បង្ហាញ​វត្តមាន​កាន់តែច្រើន​នៅតាម​តូប​លក់​កាសែត ឬ​ក្នុង​បណ្ណាគារផ្សេង។

ក្រៅពី​សៀវភៅ​មួយ​ភាគ​ធំ​ដែលជា​ការបកប្រែ​ចេញពី​ភាសាបរទេស ក៏មានដែរ​សៀវភៅ​មួយចំនួន​ជា​ស្នាដៃ​និពន្ធ​និង​ចងក្រង​ដោយ​អ្នកនិពន្ធ​ជនជាតិខ្មែរ​ដោយផ្ទាល់ ក្នុងនោះ​ក៏មាន​លេចមុខ​អ្នកនិពន្ធ ចងក្រង និង​អ្នក​បោះពុម្ព​សៀវភៅ​ថ្មីថ្មោង​មួយចំនួន​ដែល​ទើបតែ​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ដ៏​ចង្អៀត​នេះដែរ។ នេះ​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែលជា​ទូទៅ​មនុស្ស​មិនសូវ​ផ្តល់​តម្លៃ​ដល់​សៀវភៅ​ឡើយ។ មាន​មូលហេតុ​សំខាន់​មួយចំនួន​ដែល​ជំរុញ​ឲ្យ​បញ្ញវន្ត​ខ្លះ​ក្នុងសម័យ​បច្ចុប្បន្ន​ផ្តើម​ចាប់អារម្មណ៍​ទៅលើ​ការសរសេរ​សៀវភៅ។

មូលហេតុ​ទី១ គឺ​ផ្តើមចេញពី​បទពិសោធន៍រ​បស់​ខ្លួន​ដែល​បាន​ជួប​បញ្ហា​កង្វះ​ឯកសារ​សម្រាប់​ស្រាវជ្រាវ។ កង្វះ​ឯកសារ​ពី​ព្រោះតែ​ម្យ៉ាង​សង្គម​ខ្មែរ​មិនសូវ​សម្បូរ​អ្នក​ចងក្រង​សៀវភៅ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ម្យ៉ាងទៀត ឯកសារ​ដែលមាន​ស្រាប់​បន្តិចបន្តួច​នោះ​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ស្ទើរ​គ្មាន​សល់។

មូលហេតុ​ទី២ គឺ​ខ្មែរ​មួយចំនួន​បាន​ផ្តើម​ស្រឡាញ់​ស្នាដៃ​ដែល​ពួកគេ​ត្រូវ​បង្ហាញ​តាមរយៈ​ការសរសេរ​សៀវភៅ។ មានឈ្មោះ​ជា​អ្នកនិពន្ធ​សៀវភៅ​គឺជា​អ្វីដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​កិត្តិយស​មួយ​ក្នុង​ជីវិត។ ស្នាដៃ​ទាំងនោះ​នឹង​បន្សល់ទុក​រាប់​ជំនាន់​មនុស្ស​ទៅមុខទៀត​មិន​ងាយ​សាបសូន្យ ដូច​សុភាសិត​បុរាណ​ខ្មែរ​ដែល​ពោលថា« ទូក​ទៅ​កំពង់​នៅ» ។ ចំណែកឯ​មូលហេតុ​សេដ្ឋកិច្ច​ត្រូវបាន​ចាត់ទុកជា​គោលដៅ​ចុងក្រោយ​មួយ​ប៉ុណ្ណោះ​ពីព្រោះ​ការសរសេរ​សៀវភៅ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ប្រហែលជា​មិនមែនជា​អាជីវកម្ម​ដែល​ងាយ​នឹង​រកប្រាក់​ចំណេញ​នោះឡើយ។
​​
មូលហេតុ​ទី៣ គឺ​ដើម្បី​លើកកម្ពស់​វប្បធម៌​អាន​សៀវភៅ​ក្នុងចំណោម​ជនជាតិខ្មែរ។ មាន​អង្គការ​មួយចំនួន​ដូចជា​អង្គការ​ស៊ី​ប៉ា ( Sipar) បានធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្នុងការ​បោះពុម្ព​សៀវភៅ និង​បង្កើត​បណ្ណាល័យ​រាប់ទាំង​បណ្ណាល័យ​ចល័ត​ផង។ ក្រុមហ៊ុន​ខ្លះទៀត​ដូចជា​ម៉ាញ​ប៊ុ​ក​ជាដើម​ក៏បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​យ៉ាងច្រើន​ដែរ។ សកម្មភាព​ទាំងនោះ​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ក្នុងការ​លើកស្ទួយ​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា ហើយ​វា​ក៏​បង្ហាញ​ពី​តម្រូវការ​សៀវភៅ​កាន់តែ​ច្រើនជាង​មុន​ដែរ។

ជាការ​ពិតណាស់ អ្នកសរសេរ និង​បោះពុម្ព​សៀវភៅ​គួរ​ត្រូវបាន​លើកទឹកចិត្ត​ពីព្រោះ​ពួកគេ​បាន​លះបង់​ពេលវេលា និង​កម្លាំង​បញ្ញា​ស្មារតី​ជាច្រើន​ដើម្បី​ផលិត​សៀវភៅ​មួយ​ក្បាល។ បើទោះបីជា​គុណភាព​របស់​សៀវភៅ​ខ្លះ​នៅមានកម្រិត ក៏ប៉ុន្តែ ការផ្តើម​រីកដុះដាល​នៃ​វប្បធម៌​សរសេរ​និង​បោះពុម្ព​សៀវភៅ​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សង្គម​ខ្មែរ។ ប៉ុន្តែ អ្នកសរសេរ​សៀវភៅ​បាន​ត្អូញត្អែរ ស្រដៀងៗគ្នា​ពី​បញ្ហា​ដែល​ពួកគេ​កំពុង​ជួបប្រទះ។

បញ្ហា​ទី១ គឺ​ទីផ្សារ​លក់​សៀវភៅ​នៅតែ​តូចចង្អៀត​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​សិស្ស និង​និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដែល​បាននិងកំពុង​កើន​ឡើងជា​លំដាប់​នោះ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ​ទេ តែ​សូម្បី​ក្នុងចំណោម​និស្សិត បញ្ញវន្ត ក៏​នៅ​មិនទាន់​ចាប់អារម្មណ៍​នឹង​សៀវភៅ​ប៉ុន្មាន​ដែរ។

បញ្ហា​ទី២ គឺ​ទម្លាប់​របស់​ជនជាតិខ្មែ​រ​ភាគច្រើន​មិនសូវ​ចូលចិត្ត​ចំណាយលុយ​បន្តិចបន្តួច​ទិញ​សៀវភៅ។ កុំថាឡើយ​ដល់​ទៅ​អ្នកក្រ សូម្បី​អ្នកមាន​ជីវភាព​ធូរធារ​មួយចំនួន​ក៏​មិនសូវ​ចំណាយលុយ​ទៅលើ​សៀវភៅ​ដែរ។ ពួកគេ​ច្រើនតែ​មិន​ញញើត​នឹង​ចំណាយ​ប្រាក់​ទៅលើ​គ្រឿង​ស្រវឹង​និង​ទៅលើ​វត្ថុ​មានតម្លៃ​ផ្សេងទៀត​ដែល​មិនសូវមាន​ប្រយោជន៍ ប៉ុន្តែ មិន​ចូលចិត្ត​ចំណាយ​បន្តិចបន្តួច​ទៅលើ​សៀវភៅ​ទេ។

សរុប​មកវិញ សង្គម​ខ្មែរ​គួរ​បណ្តុះ​វប្បធម៌​ស្រឡាញ់​សៀវភៅ​ឲ្យ​បាន​ច្រើនជាង​នេះ ជាពិសេស​ក្នុងចំណោម​សិស្ស និស្សិត​និង​បញ្ញវន្ត​តែម្តង។ ការចំណាយ​ថវិកា​ខ្លះ​ដើម្បី​ទិញ​សៀវភៅ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​បង្កើន​ធនធាន​បញ្ញា​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ចូលរួមចំណែក​លើកទឹកចិត្ត​ដល់​អ្នកសរសេរ​សៀវភៅ​ផងដែរ។ ដូច្នេះ ដើម្បី​ធ្វើខ្លួន​ឲ្យ​ក្លាយជា​សសរ​គ្រឹះ​រឹងមាំ​របស់​ប្រទេសជាតិ យុវជន​ខ្មែរ​គួរ​មាន​ទម្លាប់​យក​សៀវភៅ​ជា​មិត្ត​ជំនួស​ឲ្យ​កែវស្រា៕

0 comments:

Post a Comment