ភ្នំពេញៈ នៅថ្មីៗនេះធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ទី១៨៤ នៅក្នុងចំណោម១៨៩ ប្រទេសសម្រាប់ការចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែបើអ្នកមិនបានចូលរួមក្នុងកម្មវិធី «ការចាប់ផ្តើមអាជីវកម្ម» ឬ Startup Weekend
មួយនៅភ្នំពេញទេអ្នកនឹងមិនបានដឹងអំពីរឿងរ៉ាវជាច្រើនឡើយ។
មួយនៅភ្នំពេញទេអ្នកនឹងមិនបានដឹងអំពីរឿងរ៉ាវជាច្រើនឡើយ។
គំនិតជាច្រើនបានចេញពីគ្រប់ភាគីទាំងអស់ ចាប់ពីអ្នកបង្កើតសូហ្វវែរ ដែលមានបទពិសោធ និងពាណិជ្ជករ រហូតដល់សិស្សបឋមសិក្សានៅក្នុងព្រឹត្តិការណ៍ចុងសប្តាហ៍មួយ។ មនុស្សជាច្រើនបានបង្ហាញពីគ្រប់ផ្នែកទាំងអស់របស់កម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមមាន់ធម្មជាតិលើកដំបូងរបស់កម្ពុជា និងកម្មវិធីមួយដែលអាចភ្ជាប់ទំនាក់ទំនងអ្នកបើករ៉ឺម៉កម៉ូតូទៅ កាន់អ្នកដំណើរជាដើម។
លោក សែន ថារ៉ូ អ្នកចូលរួមមួយរូបរបស់កម្មវិធីនេះនិយាយថា៖ «ប្រជាជនមានគម្រោងធំៗជាច្រើន ដោយសារតែពួកគេបានចំណាយរយៈពេលបីថ្ងៃពេញលើគម្រោងអភិវឌ្ឍន៍ និងការធ្វើតេស្ដជាមួយអតិថិជនពិតប្រាកដ»។ សរុបមកអ្នកចូលរួមប្រហែល១២០នាក់បានរួមគ្នាបង្កើតក្រុមជាច្រើន ដោយធ្វើការសិក្សាទីផ្សារ បង្កើតផែនការពាណិជ្ជកម្ម និងកម្មវិធីទូរស័ព្ទចល័តដោយមានការត្រួតពិនិត្យពីអ្នកជំនាញ ហើយទីបញ្ចប់គឺបង្ហាញគម្រោងរបស់ខ្លួនដល់ក្រុមអាជ្ញាកណ្ដាល។ គម្រោងរបស់ក្រុមដែលឈ្នះនឹងបន្តប្រកួតដណ្ដើមរង្វាន់៥០ ម៉ឺនដុល្លារ ជាមួយនឹងក្រុមជាង២០០ផ្សេងទៀតជុំវិញពិភពលោក។
លោក សែន ថារ៉ូ បាននិយាយថា៖ «យើងយល់ថា ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាថ្មីគឺមានការលំបាកខ្លាំង នៅប្រទេសកម្ពុជា។ កម្ពុជាគឺនៅពីក្រោយប្រទេសផ្សេងទៀតបើនិយាយពីការចាប់ផ្ដើម អាជីវកម្មថ្មី។ ប៉ុន្តែសម្រាប់គំនិតជាច្រើននៅសប្តាហ៍នេះភាគច្រើនផ្អែកលើ អ្វីអ្នកប្រើប្រាស់នៅទីនេះឲ្យតម្លៃ ដែលអាចពង្រីកទៅបណ្ដាប្រទេសផ្សេងទៀត»។
ក្រុមរបស់លោក ថារ៉ូ បានឈ្នះលើការប្រកួតនេះកាលពីថ្ងៃអាទិត្យជាមួយនឹងកម្មវិធី ទូរស័ព្ទដែលមិត្តភក្ដិជាច្រើនអាចផ្ដល់យោបល់ពីភោជនីយដ្ឋាន និងហាងផ្សេងទៀតដល់អ្នកដទៃតាមរយៈរូបថតជាថ្នូរនឹងរង្វាន់។ ក្រុមនេះទទួលប្រាក់ ២ ០០០ ដុល្លារជាឥណទានបង្កើតកម្មវិធីរបស់ក្រុមហ៊ុន Google រួមទាំងជំនួយឧបត្ថម្ភកន្លែងផលិតវីដេអូ បច្ចុប្បន្នកំពុងប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជាសាធារណៈនៅក្នុងអ្វីដែលហៅថា Global Startup Battle។
នេះគឺជាព្រឹត្តិការណ៍ Startup Weekend លើកទីបីនៅកម្ពុជា ប៉ុន្តែជាលើកដំបូងដែលកម្ពុជានឹងចូលក្នុងការប្រកួតប្រជែងនៅលើពិភពលោកប្រចាំឆ្នាំ។ ការទទួលបានជ័យជម្នះរបស់ភ្នំពេញនិងជាការគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសមួយដែលមានប្រជាជនតិចជាង២០ភាគរយមានអ៊ីនធឺណិតប្រើប្រាស់ និងតិចជាង១០ភាគរយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
ឧបសគ្គចំពោះសហគ្រិនបើពិនិត្យពីស្ថិតិទាំងនេះវាមិនមានការភ្ញាក់ផ្អើលទេ ព្រោះសូម្បីតែក្នុងចំណោមយុវជនជាច្រើន ដែលចូលរួមក្នុងកម្មវិធី Startup Weekend ភាគច្រើនជាអ្នកមានប្រវត្តិខាងពាណិជ្ជកម្ម និងទីផ្សារជាជាងបច្ចេកវិទ្យា។
លោក ប៊ី ចាន់ត្រា អ្នករៀបចំមួយរូបក្នុងចំណោមអ្នករៀបចំទាំងនេះបាននិយាយថា កង្វះអ្នកបង្កើតសូហ្វវែរអាចធ្វើឲ្យមានការពិបាកបន្តិចបើ គម្រោងនេះផ្អែកលើបច្ចេកវិទ្យា ឬគំនិតអាជីវកម្មពឹងលើបច្ចេកវិទ្យា។ លោកបន្តថា៖ «គំនិតនេះល្អ ប៉ុន្តែវានៅតែមានការពិបាកបន្តិចនៅក្នុងការធ្វើឲ្យអាជីវកម្ម ទទួលបានផលចំណេញពិតប្រាកដ»។
តាមពិតរបាយការណ៍ថ្មីៗរបស់ធនាគារពិភពលោកដែលបានចេញផ្សាយពីថ្ងៃទី២៩ ខែតុលា ដែលមានចំណងជើងថា «ការធ្វើអាជីវកម្ម» និយាយថា ដើម្បីក្លាយជាសហគ្រិននៅកម្ពុជាត្រូវតែបំពេញនីតិវិធីដាច់ដោយឡែកចំនួន១១ស្ថិតនៅក្រោមច្បាប់របស់រដ្ឋាភិបាល ហើយថាដំណើរការនេះត្រូវការរយៈពេលប្រហែល១០៤ថ្ងៃ។
របាយការណ៍និយាយថា បច្ចុប្បន្នកម្ពុជា «បានធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មថ្មីមានការពិបាកកាន់តែ ខ្លាំងតាមរយៈការបង្ហាញពីតម្រូវការសម្រាប់ការត្រួតពិនិត្យ ឈ្មោះក្រុមហ៊ុននៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតាមរយៈការបង្កើនតម្លៃសម្រាប់ទទួលការចុះបញ្ជីឯកសារដែលអនុម័ត និងបោះត្រាដោយនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញ និងការភ្ជាប់ជាមួយនឹងបញ្ជីការពាណិជ្ជកម្ម»។
លោក ចាន់ត្រា ជាអ្នករៀបចំរបស់កម្មវិធីនេះបានយល់ថា៖ «បញ្ហាប្រឈមសំខាន់នៃការចាប់ផ្ដើមធ្វើអាជីវកម្មថ្មីនៅ កម្ពុជាគឺខ្វះក្របខ័ណ្ឌច្បាប់ និងការលើកទឹកចិត្តពីរដ្ឋាភិបាលទាក់ទងនឹងច្បាប់ និងការផ្ដល់មូលនិធិ ហើយទីផ្សាររបស់កម្ពុជានៅតូចពេក»។
បច្ចុប្បន្នឧបសគ្គដូចនោះកំពុងធ្វើឲ្យអ្នកបង្កើតរថយន្ត អគិ្គសនីរបស់កម្ពុជាម៉ាក អង្គរ EV ២០១៣ ដែលត្រូវបានអបអរសាទរថា ជាការបង្កើតថ្មីរបស់ប្រទេសនៅក្នុងការដឹកជញ្ជូនពណ៌បៃតង ដែលមានតម្លៃសមរម្យនោះមិនអាចសម្រេចបាន។ ទោះបីម៉ូដែលមួយរបស់រថយន្តនេះត្រូវបានគេបង្ហាញកាលពីខែមករា ហើយគ្រោងប្រកាសធ្វើការដំឡើងនៅឆ្នាំនេះក្តី ក៏ការផលិតបានពន្យារពេលដោយសារតែការផ្ដល់មូលនិធិមិនបាន គ្រប់គ្រាន់។
លោក Chris Brown ចៅក្រមក្នុងកម្មវិធីនេះ និយាយថា តម្លៃនៃការរស់នៅនៅកម្ពុជាមានកម្រិតទាប ឧទាហរណ៍ ការបង្កើតសេវាកម្មរបស់អ្នកបង្កើតកម្មវិធីសូហ្វវែរមានតម្លៃសមរម្យ ដែលអនុញ្ញាតឲ្យប្រជាជនកាន់តែច្រើនឡើងអាចបង្កើតគំនិតថ្មី និងជួលបុគ្គលិកបច្ចេកទេសចាំបាច់។ នៅក្នុងប្រទេសកម្ពុជា «អ្នកមានសមត្ថភាពខ្លាំងបំផុតអាចរកប្រាក់បានប្រហែល១ ៥០០ដុល្លារ ក្នុងមួយខែ ហើយអ្នកមានសមត្ថភាពមធ្យមរកប្រាក់បានប្រហែល១ ០០០ដុល្លារក្នុងមួយខែ»។ លោកបន្តថា ចំណែកឯនៅអាមេរិក ឬអឺរ៉ុបវិញ ពួកគេអាចរកប្រាក់បានប្រហែល៦ដងនៃចំនួននោះ។
សហគមន៍តូចប៉ុន្តែរីកចម្រើន លោក Brown និយាយថា កម្ពុជាក៏មានប្រយោជន៍ធំមួយចំនួនលើប្រទេសថៃ និងវៀតណាម ដោយសារតែទំហំដ៏តូចរបស់ខ្លួនដែរ។ លោកនិយាយថា ការរីករាលដាលរបស់ក្រុមហ៊ុនចម្រុះជាតិសាសន៍ទៅប្រទេសជិតខាង កម្ពុជាកាន់តែច្រើន មានន័យថា ពេលវេលានៃការឃាត់ទុកជាមធ្យមសម្រាប់វិស្វករសូហ្វវែរនៅក្នុង ការចាប់ផ្ដើមអាជីវកម្មតាមប្រទេសទាំងនោះគឺមានកម្រិតទាប ស្មើនឹងរយៈពេល១២ខែ ខណៈនៅកម្ពុជាវាមានរយៈពេល៤ឆ្នាំ ដែលជាស្ថានការណ៍មួយទំនងជាមិនអាចផ្លាស់ប្តូរក្នុងពេលឆាប់ៗ នេះទេ។
លោក Brown និយាយថា ស្ថិរភាពខាងបុគ្គលិកអនុញ្ញាតឲ្យសហគ្រិនក្នុងការកសាងក្រុម កាន់តែខ្លាំង ខណៈការចំណាយប្រតិបត្តិការកាន់តែទាបមានន័យថាពួកគេមិនចាំបាច់ត្រូវពឹងផ្អែកច្រើនលើមូលធនរួមគ្នាទេ ហើយអាចមានហានិភ័យកាន់តែតិច ក្នុងការធ្វើការឆ្ពោះទៅរកការបង្កើតប្រាក់ចំណេញ។
របាយការណ៍ ដោយភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម We Are Social មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បង្ហាញថា ខណៈប្រជាជនកម្ពុជាជិត៨០ភាគរយរស់នៅជនបទ ហើយប្រជាជនជាងពាក់កណ្ដាលរស់នៅពឹងប្រាក់ចំណូលតិចជាង២ដុល្លារ ក្នុងមួយថ្ងៃ អ្នកប្រើប្រាស់អ៊ីនធឺណិតបានកើនឡើង ៥៤៨ភាគរយកាលពីឆ្នាំ២០១២។ របាយការណ៍នេះបានរកឃើញថា ត្រឹមចុងឆ្នាំ២០១២ មានការជាវទូរស័ព្ទចល័ត១,៣ លានគ្រឿងនៅកម្ពុជា។ ប្រទេសកម្ពុជាមានប្រជាជនជាយុវជនច្រើន ដោយជាងពាក់កណ្ដាលគឺស្ថិតក្រោមអាយុ២៥ឆ្នាំ គឺទំនងជាជួយបច្ចេកវិទ្យាឲ្យរីកដុះដាលបាន៕ ប្រភព៖ http://www.postkhmer.com
0 comments:
Post a Comment